អេសាយ 28:5-29

អេសាយ 28:5-29 គខប

នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ព្រះអង្គ​ដែល​នៅ​សេស‌សល់។ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។ រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ ពួក​បូជា‌ចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង។ សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោត ស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់ បណ្ដាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។ តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើម គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។ គេ​ពោល​ថា: «អេសាយ​នេះ​ចង់​បង្រៀន​អ្វី? តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ ប្រាប់​នរណា? តើ​គាត់​ចង់​បង្ហាត់​បង្រៀន កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ កូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ? គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!”» ពិត​មែន​ហើយ! ព្រះ‌អម្ចាស់​នឹង​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​នេះ ដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បាន ព្រះអង្គ​នឹង​យក​ភាសា​ដទៃ​ទៀត មក​និយាយ​ជា​មួយ​ពួក​គេ។ ព្រះអង្គ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា “ទុក​ឲ្យ​អ្នក​ហត់​នឿយ មក​រក​សម្រាក​លំហែ​កាយ​ចុះ” តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។ មេ​ដឹក​នាំ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​ត​ទៅ: អ្នក​រាល់​គ្នា​អះ‌អាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូត‌ភរ​ជា​ជម្រក។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​បាន​រឹង‌ប៉ឹង​មិន​ខាន។ យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ ខ្យល់​ព្យុះ​នឹង​បក់​រម្លើង​ការ​កុហក ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរ ដែល​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។ សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។ រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។ ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេក រីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្ដប់​ពុំ​បាន​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ព្រះអង្គ​ក្រោក​ឡើង​សម្តែង​ឫទ្ធិ‌បារមី ដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែក ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។ ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ! តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជានិច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជានិច្ច​ឬ? ទេ មិន​ដូច្នោះ​ទេ! ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ គាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះ គាត់​ព្រោះ​ពូជ​ស្រូវ ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ នៅ​កៀនៗ។ ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។ ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។ រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។ គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ព្រះអង្គ​គួរ​ឲ្យ​កោត​សរសើរ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។