អេសាយ 28:5-29
អេសាយ 28:5-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលម្អដល់សំណល់នៃប្រជារាស្ត្រព្រះអង្គ ហើយជាគំនិតយុត្តិធម៌ ដល់អ្នកដែលអង្គុយជំនុំជម្រះ និងជាឫទ្ធិកម្លាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។ ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកម្អួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។ ដូច្នេះ តើព្រះអង្គនឹងបង្រៀនចំណេះដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះ។ ដ្បិតពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ។ ព្រះអង្គនឹងមានព្រះបន្ទូលដល់ជនជាតិនេះ ដោយសម្ដីរឡប់ និងភាសាដទៃ។ ព្រះអង្គមានព្រះបន្ទូលនឹងគេថា៖ "នេះនែជាសេចក្ដីសម្រាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសម្រាកចុះ នេះជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ" ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។ ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្ដាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយព្រោះអ្នករាល់គ្នាបានពោលថា "យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះនឹងមិនដល់យើងទេ ព្រោះយើងបានពឹងពាក់ដល់ការកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ"។ ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។ យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។ នោះសេចក្ដីសញ្ញាដែលអ្នករាល់គ្នា បានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោល ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវអន្តរាយ។ សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់ព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាច។ ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ។ ព្រោះព្រះយេហូវ៉ានឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យព្រះអង្គបានធ្វើការរបស់ព្រះអង្គ ដែលប្លែក ហើយសម្រេចកិច្ចរបស់ព្រះអង្គ ដែលប្លែកពីធម្មតា។ ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។ ចូរផ្ទៀងត្រចៀកស្តាប់សំឡេងខ្ញុំចុះ ចូរផ្ចង់ចិត្តស្តាប់ពាក្យរបស់ខ្ញុំ ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជូរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជានិច្ចឬ? កាលណាគេបានពង្រាបដីហើយ តើគេមិនព្រោះល្ងស និងបាចល្ងខ្មៅ ព្រមទាំងរោយស្រូវសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺទេឬ? ដ្បិតព្រះបានបង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ។ ពីព្រោះល្ងស មិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង ឯស្រូវសម្រាប់ធ្វើនំបុ័ង នោះគេបញ្ជាន់ ពីព្រោះគេមិនចង់វាយប្រឡេះរហូតទេ គឺគេបញ្ជាន់ដោយកង់រទេះ ឬដោយសេះវិញ។ តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
អេសាយ 28:5-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់។ ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ នាំឲ្យវង្វេង។ សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់ បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស ហើយសេចក្ដីអ្វីដែលគេប្រកាស ក៏មិនច្បាស់លាស់ដែរ។ តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើម គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។ គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងឲ្យបៅនោះឬ? គាត់ចេះតែពោលថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!”» ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូល មកកាន់ប្រជាជននេះ ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន ព្រះអង្គនឹងយកភាសាដទៃទៀត មកនិយាយជាមួយពួកគេ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ មេដឹកនាំក្រុងយេរូសាឡឹម ដែលចូលចិត្តតែនិយាយចំអកអើយ! ចូរនាំគ្នាស្ដាប់ព្រះអម្ចាស់មានព្រះបន្ទូល ដូចតទៅ: អ្នករាល់គ្នាអះអាងថា អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ ស្ថានមនុស្សស្លាប់។ កាលណាមានគ្រោះកាចមកដល់ អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង និងយកការភូតភរជាជម្រក។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។ យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រម្លើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។ សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ ពេលគ្រោះកាចមកដល់ អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។ រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹករៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើឲ្យញ័ររន្ធត់ដែរ។ ពេលនោះ គ្រែដេកបែរទៅជាខ្លីពេក រីឯភួយក៏តូចពេករកដណ្ដប់ពុំបានដែរ។ ព្រះអម្ចាស់នឹងយាងមក ដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ព្រះអង្គក្រោកឡើងសម្តែងឫទ្ធិបារមី ដែលជាឫទ្ធិបារមីដ៏ចម្លែក ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ ដែលជាកិច្ចការខុសប្លែកពីធម្មតា។ ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ! តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ ចេះតែភ្ជួរជានិច្ចរហូតទៅឬ? តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ? ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។ ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថា តើត្រូវធ្វើយ៉ាងណាៗខ្លះ ព្រះអង្គបង្ហាត់បង្រៀនគាត់។ ពេលបេះសណ្ដែក បេះល្ងរួចហើយ គាត់យកឈើមកវាយគ្រាប់សណ្ដែក និងយករំពាត់មកវាយគ្រាប់ល្ង គឺគាត់មិនយករនាស់មករាស់សណ្ដែក ឬក៏យករទេះមកបរពីលើល្ងឡើយ។ រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។ គាត់ចេះធ្វើការទាំងនេះមកពី ព្រះអម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ព្រះអង្គគួរឲ្យកោតសរសើរ ហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
អេសាយ 28:5-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលំអដល់សំណល់នៃរាស្ត្រទ្រង់ ហើយជាគំនិតយុត្តិធម៌ ដល់អ្នក ដែលអង្គុយជំនុំជំរះ នឹងជាឫទ្ធិកំឡាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃនឹងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។ ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ ដ្បិតត្រូវបង្រៀនច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច។ ទ្រង់នឹងមានបន្ទូលដល់ជនជាតិនេះ ដោយសំដីរឡប់ ហើយនឹងភាសាដទៃ ទ្រង់បានមានបន្ទូលនឹងគេថា នេះនែជាសេចក្ដីសំរាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសំរាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ានឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។ ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្តាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ ហេតុនោះបានជា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃ ដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ អញនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយនឹងសេចក្ដីសុចរិតជាកូនតឹង រួចព្យុះព្រិលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើង លិចទីពំនួនបង់ នោះសេចក្ដីសញ្ញាដែលឯងរាល់គ្នាបានតាំងនឹងសេចក្ដីស្លាប់ ក៏នឹងត្រូវលើកចោលចេញ ហើយការព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះមិនស្ថិតស្ថេរនៅដែរ ដូច្នេះ កាលណាសេចក្ដីអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះអ្នករាល់គ្នានឹងត្រូវញាំញីទៅ សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ទ្រង់នឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនឹងសំរេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសំរេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។ ចូរផ្ទៀងត្រចៀកស្តាប់សំឡេងខ្ញុំចុះ ចូរផ្ចង់ចិត្តស្តាប់ពាក្យរបស់ខ្ញុំ ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជួរជានិច្ចឬ តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជាដរាបឬ កាលណាគេបានពង្រាបដីហើយ នោះតើមិនព្រោះល្ងស ហើយបាចល្ងខ្មៅ ព្រមទាំងរោយស្រូវភោជ្ជសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានដំរូវទុក នឹងស្រូវអេប៉ូតតាមក្បែរភ្លឺផងទេឬអី ដ្បិតព្រះនៃគេទ្រង់បង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ ពីព្រោះឯល្ងស នោះមិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង ឯស្រូវសំរាប់ធ្វើនំបុ័ង នោះគេបញ្ជាន់វិញ ពីព្រោះគេមិនចង់វាយប្រឡេះជាដរាបទេ គឺគេបញ្ជាន់ដោយកង់រទេះ ឬដោយសេះវិញ ដំរិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់ប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។