អេសាយ 27:1-6

អេសាយ 27:1-6 គខប

នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ​ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សម្បើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។ នៅ​ថ្ងៃ​នោះ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង សរសើរ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ផ្ដល់​ស្រា​ដ៏​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចម្ការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។ យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។ បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខ‌សាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ឲ្យ​គេ។ នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។