អេសាយ 27:1-6
អេសាយ 27:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះយេហូវ៉ានឹងយកដាវមុតក្លាដ៏ធំ ហើយមានកម្លាំងរបស់ព្រះអង្គទៅធ្វើទោសដល់សត្វសម្បើម ជានាគដែលរត់ពួន គឺសត្វសម្បើម ជានាគក្ងិចក្ងក់នោះឯង ហើយព្រះអង្គនឹងសម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ។ នៅគ្រានោះ នឹងមានចម្ការសម្រាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងថា៖ យើងនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា យើងនឹងស្រោចទឹកជានិច្ច ហើយមើលថែទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ យើងមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាដុះនៅក្នុងនោះ យើងនឹងដើរជាន់លើវា ហើយនឹងដុតបំផ្លាញវាឲ្យអស់។ បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងយើងវិញ ដើម្បីឲ្យបានជាមេត្រីនឹងយើង ចូរឲ្យគេជាមេត្រីនឹងយើងចុះ។ នៅគ្រាខាងមុខ ពួកយ៉ាកុបនឹងចាក់ឫស ពួកអ៊ីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលពាសពេញលើផែនដីទាំងមូល។
អេសាយ 27:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ។ នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀង សរសើរចម្ការទំពាំងបាយជូរ ដែលផ្ដល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងថែរក្សាចម្ការទំពាំងបាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។ យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកម្ទេចចោលទៀតផង។ បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុប នឹងចាក់ឫស ពូជពង្សរបស់លោកអ៊ីស្រាអែល នឹងមានពន្លកដុះចេញមក រួចមានផ្កា មានផ្លែពាសពេញលើផែនដី។
អេសាយ 27:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងយកដាវមុតក្លាដ៏ធំ ហើយមានកំឡាំងរបស់ទ្រង់ទៅធ្វើទោសដល់សត្វសំបើម ជានាគដែលរត់ពួន គឺសត្វសំបើម ជានាគក្ងិចក្ងក់នោះឯង ហើយទ្រង់នឹងសំឡាប់សត្វសំបើមដែលនៅក្នុងសមុទ្រនោះ។ នៅគ្រានោះ នឹងមានចំការ សំរាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញនឹងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។