អេសាយ 25:1-9

អេសាយ 25:1-9 គខប

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ព្រះអង្គ​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។ ព្រះអង្គ​បាន​រំលាយ​ទីក្រុង​ឲ្យ ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ព្រះអង្គ​ធ្វើ​ឲ្យ​បុរី​ដែល​មាន​កំពែង​រឹង‌មាំ ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បន្ទាយ​របស់​ខ្មាំង​បាន​រលាយ​សូន្យ លែង​មាន​ឈ្មោះ​ជា​ទីក្រុង​ទៀត ហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ត្រ​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ សូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវ ក៏​គេ​នាំ​គ្នា​គោរព​កោតខ្លាច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​មនុស្ស ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត ក្នុង​ពេល​មាន​អាសន្ន ព្រះអង្គ​ក៏​ជា​ជម្រក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ ហើយ​ជា​ម្លប់​បាំង​កម្ដៅ ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។ ព្រះអង្គ​បង្ក្រាប​មនុស្ស​ព្រៃ​ឲ្យ​បាត់​មាត់​ឈឹង ដូច​ព្រះអង្គ​បន្ថយ​កម្ដៅ​ក្នុង​ទី​ហួត‌ហែង។ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ចម្រៀង​ជោគ​ជ័យ របស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យ ដូច​ពពក​បន្ថយ​កម្ដៅ​ថ្ងៃ​ដែរ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរ ដែល​គេ​សម្រាំង​យ៉ាង​ល្អ។ នៅ​លើ​ភ្នំ​នោះ ព្រះអង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។ ព្រះអង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះ‌ជា‌អម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ របស់​មនុស្ស​ទាំង​អស់។ ព្រះអង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។