អេសាយ 25:1-9
អេសាយ 25:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។ ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃ លែងបានធ្វើជាទីក្រុងតរៀងទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។ ហេតុនោះនឹងមានសាសន៍មួយដែលមានកម្លាំងខ្លាំង គេនឹងសរសើរតម្កើងព្រះអង្គ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះព្រះអង្គ។ ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។ ព្រះអង្គនឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកម្ដៅបានអន់ថយដោយសារម្លប់ពពក នោះចម្រៀងជោគជ័យរបស់ពួកគួរស្ញែងខ្លាច នឹងត្រូវអន់ទៅដូច្នោះដែរ។ នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។ នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ ដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។ ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
អេសាយ 25:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលព្រះអង្គរៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។ ព្រះអង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។ ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកម្ដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។ ព្រះអង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹង ដូចព្រះអង្គបន្ថយកម្ដៅក្នុងទីហួតហែង។ ព្រះអង្គក៏ធ្វើឲ្យចម្រៀងជោគជ័យ របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ ដូចពពកបន្ថយកម្ដៅថ្ងៃដែរ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរ ដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។
អេសាយ 25:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកដំកើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ ហេតុនោះនឹងមានសាសន៍១ដែលមានកំឡាំងខ្លាំង គេនឹងសរសើរដំកើងទ្រង់ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះទ្រង់ ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។ នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់