អេសាយ 24:1-15

អេសាយ 24:1-15 គខប

ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ព្រះអង្គ​នឹង​រម្លើង​ផែនដី ហើយ​កម្ចាត់‌កម្ចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី គឺ​បូជា‌ចារ្យ​ក៏​ដូច​ប្រជា‌ជន ម្ចាស់​ប្រុស​ក៏​ដូច​ទាសា ម្ចាស់​ស្រី​ក៏​ដូច​ទាសី អ្នក​លក់​ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។ ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។ ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយ‌សារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ ពួក​គេ​រំលោភ​ច្បាប់​របស់​ព្រះ‌អម្ចាស់ ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ដែល​ព្រះអង្គ​ចង​ជា​មួយ​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា មនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោស ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។ សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ សំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ ក៏​លែង​មាន​ទៀត​ដែរ។ ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។ ក្រុង​ដែល​គ្មាន​មនុស្ស​នៅនឹង​ត្រូវ​រលំ ផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។ នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។ ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែល នៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។ រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌អម្ចាស់ ដោយ​អំណរ​រីក‌រាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។ អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!