អេសាយ 16:6-14

អេសាយ 16:6-14 គខប

ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួត‌អាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។ ប៉ុន្តែ ឥឡូវ​នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែល ធ្លាប់​បរិភោគ​នៅ​គារ-‌ហារ៉ា‌សែត ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។ ចម្ការ​ដំណាំ​នៅ​ហេស‌បូន​ត្រូវ​ខូច​ខាត​អស់ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាស ហិន‌ហោច​អស់​ដែរ។ ចម្ការ​នេះ​ធ្លាប់​តែ​ផ្ដល់​ស្រា​ទំពាំង‌បាយជូរ ឲ្យ​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា។ ចម្ការ​ទំពាំង‌បាយជូរ​នេះ​ធ្លាប់​លាត​សន្ធឹង រហូត​ដល់​យ៉ា‌ស៊ើរ និង​វារ​រហូត​ដល់​វាល​រហោ‌ស្ថាន ព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរ ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេស‌បូន និង​អេឡា‌លេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។ នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។ គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លុប​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​ឱន»។