អេសាយ 16:1-5

អេសាយ 16:1-5 គខប

ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោ‌ស្ថាន យក​ទៅ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន! ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើ‌ណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។ ស្ត្រី​ទាំង​នោះ​អង្វរ​ជន‌ជាតិ​យូដា​ថា៖ «សូម​ជួយ​ផ្ដល់​គំនិត​ឲ្យ​យើង​ខ្ញុំ សូម​ចាត់​វិធាន‌ការ​ជួយ​យើង​ខ្ញុំ​ផង។ ក្នុង​ពេល​ថ្ងៃ​ពេញ​កម្ដៅ​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំ ដូច​នៅ​ពេល​យប់​ដែរ សូម​ឲ្យ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំ ជ្រក​កោន​ជា​មួយ​បងប្អូន សូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។ សូម​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ ជ្រក​កោន​ជា​មួយ​បងប្អូន​ផង! សូម​លាក់​គេ​កុំ​ឲ្យ​មេ​បំផ្លាញ​រក​ឃើញ! ពេល​ណា​ចប់​ការ​សង្កត់‌សង្កិន និង​ការ​សម្លាប់​រង្គាល ពេល​ណា​មេ​បំផ្លាញ​ចាក​ចេញ​បាត់​ពី​ស្រុក ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។