អេសាយ 14:18-32

អេសាយ 14:18-32 គខប

ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។ ចំពោះ​អ្នក​វិញ គេ​បាន​បោះ​សាក‌សព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរ គួរ​ឲ្យ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។ អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។ ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល ដាច់‌អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សម្រេច​យ៉ាង​ណា ហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជា‌ជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អម្រែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។ នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សម្រេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារ ប្រជា‌ជាតិ​ទាំង​អស់។ បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​ទេ។ នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ភីលីស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែរក្សា មនុស្ស​កម្សត់​ទុគ៌ត ព្រះអង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សម្រាក​យ៉ាង​សុខ‌សាន្ត។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ ពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លាន រីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។ ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។ តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា “ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។