ហូសេ 6:4-10

ហូសេ 6:4-10 គខប

«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក​បន្ទោរ ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង ជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ សម្ពន្ធ‌មេត្រី* ដូច​អដាំ គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។ កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។ ក្រុម​បូជា‌ចារ្យ*​ប្រហារ​ជីវិត​មនុស្ស នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត! ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។