ហូសេ 6:4-10

ហូសេ 6:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​អេប្រាអិម​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​កាប់​គេ​ដោយ​ពួក​ហោរា យើង​បាន​សម្លាប់​គេ​ដោយ​ពាក្យ​ដែល​ចេញ​ពី​មាត់​យើង ឯ​ការ​វិនិច្ឆ័យ​របស់​យើង ចេញ​ទៅ​ដូច​ពន្លឺ។ ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល មិន​មែន​យញ្ញ‌បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។ ប៉ុន្តែ គេ​បាន​បំពាន​លើ​សេចក្ដី​សញ្ញា​នៅ​ក្រុង​អ័ដាម គេ​បាន​ក្បត់​នឹង​យើង​ក្នុង​សេចក្ដី​នោះ​ឯង។ កាឡាត​ជា​ទី​ក្រុង​របស់​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺបាន​ប្រឡាក់​ដោយ​ឈាម​ហើយ។ ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​រួម​គ្នា​ប្រព្រឹត្ត​បែប​នោះ​ដែរ គេ​កាប់​សម្លាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់។ ពូជ‌ពង្ស​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​អាក្រក់​ក្រៃ‌លែង គឺ​អំពើ​ពេស្យា‌ចារ​របស់​ពួក​អេប្រាអិម ឯ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ​ហ្មង​ហើយ។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក​បន្ទោរ ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង ជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ សម្ពន្ធ‌មេត្រី* ដូច​អដាំ គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។ កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។ ក្រុម​បូជា‌ចារ្យ*​ប្រហារ​ជីវិត​មនុស្ស នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត! ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​អេប្រា‌អិម​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ឱ​យូដា​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ដ្បិត​សេចក្ដី​សប្បុរស​របស់​ឯង នោះ​ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់ ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សំឡាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក ដ្បិត​អញ​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សប្បុរស មិន​មែន​ចំពោះ​យញ្ញ‌បូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត ប៉ុន្តែគេ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ល្មើស គឺ​បាន​កន្លង​នឹង​សេចក្ដី​សញ្ញា គេ​បាន​ក្បត់​នឹង​អញ ក្នុង​សេចក្ដី​នោះ​ឯង កា​ឡាត​ជា​ទី​ក្រុង​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ត្រូវ​ប្រឡាក់​ដោយ​ឈាម​ហើយ ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​កាប់​សំឡាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម​ដូច្នោះ​ដែរ អើ គេ​បាន​ប្រព្រឹត្ត​បទ​ដ៏​អាក្រក់​ណាស់​ផង អញ​បាន​ឃើញ​ការ​យ៉ាង​សំបើម នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល គឺ​មាន​ការ​កំផិត​របស់​ពួក​អេប្រា‌អិម ឯ​អ៊ីស្រាអែល​ក៏​បាន​ស្មោក‌គ្រោក​ដែរ

ចែក​រំលែក
អាន ហូសេ 6