ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។ ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។
អាន ហូសេ 2
ស្ដាប់នូវ ហូសេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 2:2-11
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ