ហូសេ 2:2-11
ហូសេ 2:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។ ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។ ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។ នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។ នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។ ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។ ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។ យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
ហូសេ 2:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។ ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។
ហូសេ 2:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ងនឹងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង នឹងគ្រឿងផឹកផង ដូច្នេះ មើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថា អញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។ នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត នឹងទឹកទំពាំងបាយជូររបស់អញមកវិញ នៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម នឹងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរខ្មាសនាងមកវិញដែរ ឥឡូវនេះអញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង