នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។ លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។ នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។ ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។ ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។ ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
អាន ហូសេ 1
ស្ដាប់នូវ ហូសេ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 1:1-11
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ