ហូសេ 1:1-11
ហូសេ 1:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។ កាលព្រះយេហូវ៉ាចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះចុះ ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។ ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យលោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "យេសរាល " ដ្បិតនៅតែបន្តិចទៀត យើងនឹងដាក់ទោសពូជពង្សយេហ៊ូវ ព្រោះតែឈាមយេសរាល ហើយយើងនឹងធ្វើឲ្យរាជ្យនៃពូជពង្សអ៊ីស្រាអែលត្រូវចប់។ នៅថ្ងៃនោះ យើងនឹងបំបាក់ធ្នូរបស់អ៊ីស្រាអែល នៅជ្រលងភ្នំយេសរាល»។ នាងមានទម្ងន់ម្តងទៀត ហើយបង្កើតបានកូនស្រីមួយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-រូហាម៉ា " ដ្បិតយើងនឹងលែងអាណិតមេត្តាដល់ពូជពង្សអ៊ីស្រាអែល ក៏មិនអត់ទោសឲ្យគេដែរ។ ប៉ុន្ដែ យើងនឹងអាណិតមេត្តាដល់ពូជពង្សយូដា ហើយយើងនឹងសង្គ្រោះគេ មិនមែនដោយធ្នូ ដាវ សង្គ្រាម សេះ ឬពលសេះឡើយ គឺនឹងសង្គ្រោះគេដោយសារព្រះយេហូវ៉ា ជាព្រះរបស់គេ»។ កាលនាងបានផ្តាច់ដោះឡូ-រូហាម៉ារួចហើយ នាងក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឲ្យឈ្មោះកូននេះថា "ឡូ-អាំមី " ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នា ដែរ»។ ប៉ុន្តែ កូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចខ្សាច់នៅសមុទ្រ ដែលមិនអាចវាល់ ឬកំណត់ចំនួនបានឡើយ ហើយទោះបើមានពាក្យពោលទៅគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នោះនឹងបែរទៅជាមានពាក្យថា៖ «អ្នករាល់គ្នាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់»។ ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលនឹងមកជួបជុំគ្នា ហើយគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ គេនឹងឡើងចេញពីស្រុកនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។
ហូសេ 1:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។ លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។ នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។ ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។ ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។ ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
ហូសេ 1:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូល នៃព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី នៅក្នុងរាជ្យអូសៀស យ៉ូថាម អេហាស នឹងហេសេគា ជាស្តេចស្រុកយូដា ហើយក្នុងគ្រាដែលយេរ៉ូបោម ជាកូនយ៉ូអាស បានធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «យេសរាល» ទៅ ដ្បិតនៅតែបន្តិចទៀត អញនឹងសងសឹកដល់ពួកវង្សយេហ៊ូវដោយព្រោះឈាមយេសរាលនោះហើយ ក៏នឹងធ្វើឲ្យរាជ្យនៃពួកវង្សអ៊ីស្រាអែលផុតទៅដែរ នៅគ្រានោះ អញនឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល នៅក្នុងច្រកភ្នំយេសរាល នាងមានទំងន់ម្តងទៀត ហើយបង្កើតបានកូនស្រី១ នោះព្រះទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «ឡូ-រូហាម៉ា» ចុះ ដ្បិតអញនឹងមិនអាណិតមេត្តា ដល់ជំនួរវង្សអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់គេតទៅទៀតឡើយ តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ រីឯកាលនាងបានផ្តាច់ដោះឡូ-រូហាម៉ាហើយ នាងក៏មានទំងន់ទៀតបង្កើតបានកូនប្រុស១ ព្រះទ្រង់បង្គាប់ថា ចូរឲ្យឈ្មោះថា «ឡូ-អាំមី»ចុះ ដ្បិតឯងរាល់គ្នាមិនមែនជារាស្ត្ររបស់អញទេ អញក៏មិនព្រមធ្វើជាព្រះរបស់ឯងដែរ។ ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ គ្រានោះ ពួកកូនចៅយូដា នឹងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។