ហេប្រឺ 9:2-14
ហេប្រឺ 9:2-14 គខប
ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រី ស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់នៅពេលនេះទេ។ អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ នេះហើយជានិមិត្តរូបសម្រាប់បច្ចុប្បន្នកាល គឺមានន័យថា តង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈឡើយ។ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។ រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។

