ហេប្រឺ 1:5-9

ហេប្រឺ 1:5-9 គខប

ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។ មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា» ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។ ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប គឺ​ឲ្យ​ព្រះអង្គ​បាន​ប្រសើរ​ជាង មិត្ត‌ភក្ដិ​របស់​ព្រះអង្គ» ។