ហេប្រឺ 1:5-9

ហេប្រឺ 1:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «អ្នក​ជា​កូន​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ដែរ​ឬ? ម្យ៉ាង​ទៀត ពេល​ព្រះ​ប្រទាន​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទេវតា​របស់​ព្រះ​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ‌រាជ‌បុត្រា» ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះ‌អង្គ​យក​ពួក​ទេវតា​របស់​ព្រះ‌អង្គ ធ្វើ​ជា​ខ្យល់ ហើយ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ធ្វើ​ជា​អណ្តាត​ភ្លើង» ។ ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ‌បុត្រា​វិញ​ថា៖ «ព្រះ‌អង្គ​អើយ បល្ល័ង្ក​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ ឯ​ដំបង​សុចរិត ជា​ដំបង​រាជ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ស្រឡាញ់​សេចក្តី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត ហេតុ​នេះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​របស់​ព្រះ‌អង្គ បាន​ចាក់​ប្រេង​ថ្វាយ​ព្រះ‌អង្គ ជា​ប្រេង​នៃ​សេចក្តី​ត្រេក​អរ លើស​ជាង​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ»

ចែក​រំលែក
អាន ហេប្រឺ 1

ហេប្រឺ 1:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ម្នាក់​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។ មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា» ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។ ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប គឺ​ឲ្យ​ព្រះអង្គ​បាន​ប្រសើរ​ជាង មិត្ត‌ភក្ដិ​របស់​ព្រះអង្គ» ។

ចែក​រំលែក
អាន ហេប្រឺ 1

ហេប្រឺ 1:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​លោកីយ នោះ​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ‌បង្គំ​ចុះ» ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង» តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់»

ចែក​រំលែក
អាន ហេប្រឺ 1