ហាកាយ 1:5-11

ហាកាយ 1:5-11 គខប

ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​ទប់​មិន​ឲ្យ មាន​ភ្លៀង​ធ្លាក់ ដី​ក៏​មិន​ផ្ដល់​ភោគ‌ផល​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​កើត​រាំង​ស្ងួត គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែ លើ​ចម្ការ​ទំពាំង‌បាយជូរ លើ​ចម្ការ​អូលីវ លើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។ ដូច្នេះ កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ ឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។