ហាកាយ 1:5-11
ហាកាយ 1:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ"។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ"។ ព្រះយេហូវ៉ាបង្គាប់ថា "ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះយើងនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងផង ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ ហេតុដូច្នេះបានជាមេឃមិនស្រក់ទម្លាក់សន្សើមមកលើអ្នកទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។
ហាកាយ 1:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។ យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។
ហាកាយ 1:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ឯងរាល់គ្នាបានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះអញនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងឡើងផង ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាឯងបាននាំយកទៅដល់ផ្ទះ នោះអញបានផ្លុំផាត់ទៅ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សួរថា ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់អញ ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះឯងរៀងខ្លួននោះ ហេតុដូច្នេះបានជាមេឃមិនស្រក់ទំលាក់សន្សើមមកលើឯងទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ អញក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង។