លោកុប្បត្តិ 9:1-17

លោកុប្បត្តិ 9:1-17 គខប

ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ! សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សា‌បក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។ សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា គឺ​យើង​ឲ្យ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​ឲ្យ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។ ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។ អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។ ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖ «យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។ ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។ ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត‌ស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។