លោកុប្បត្តិ 49:2-10

លោកុប្បត្តិ 49:2-10 គខប

កូន​ចៅ​របស់​យ៉ាកុប​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់! ចូរ​ស្ដាប់​អ៊ីស្រា‌អែល​ជា​ឪពុក រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។ កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។ ស៊ីម្មាន និង​លេវី​ជា​បងប្អូន​នឹង​គ្នា គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។ ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស ហើយ​ពេល​ចង់​សប្បាយ គេ​កាត់​ជើង​គោ​លេង។ ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ យូដា​អើយ បងប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បងប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។ ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជានិច្ច រហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រ ដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះអង្គ។