លោកុប្បត្តិ 49:2-10
លោកុប្បត្តិ 49:2-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។ រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។ កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា ដាវរបស់គេជាសស្ត្រាវុធដ៏ឃោរឃៅ។ សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។ កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។ យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន ដៃរបស់កូននឹងចាប់កញ្ចឹងក ខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។ យូដាជាសិង្ហស្ទាវ កូនអើយ កូនបានឡើងមកពីស៊ីរំពា។ វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា? ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
លោកុប្បត្តិ 49:2-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅរបស់យ៉ាកុបអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់! ចូរស្ដាប់អ៊ីស្រាអែលជាឪពុក រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង តែកូនមិនអាចធ្វើជាមេគេបានទេ ព្រោះកូនបានបង្អាប់កិត្តិយសពុក ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។ ពុកដាក់បណ្ដាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្ដៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។ យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី គ្មាននរណាហ៊ានដាស់ទេ។ ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
លោកុប្បត្តិ 49:2-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។ រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវបារាយក្នុងកាលដែលឡើងទៅដេកនោះ។ ឯស៊ីម្មាន នឹងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់ ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។ យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់