លោកុប្បត្តិ 49:13-21

លោកុប្បត្តិ 49:13-21 គខប

សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។ អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។ អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។ ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។ ឱ​ព្រះ‌អម្ចាស់អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ! កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។ អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។