លោកុប្បត្តិ 49:13-21
លោកុប្បត្តិ 49:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។ អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។ ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។ ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំរង់ចាំការសង្គ្រោះរបស់ព្រះអង្គ។ កាដនឹងមានមួយហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងជើងរបស់គេវិញ។ អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។ ណែបថាលីជាក្តាន់ដែលគេលែង ហើយបង្កើតកូនគួរឲ្យស្រឡាញ់ ។
លោកុប្បត្តិ 49:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងនាវាចតនៅតាមកំពង់ផែ ព្រំប្រទល់របស់សាប់យូឡូន លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។ អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏ឱនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។ ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ! កាដត្រូវកងទ័ពមួយមកវាយសម្រុក តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។ អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស កូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។ ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញី ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។
លោកុប្បត្តិ 49:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។ អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម វាឃើញមានទីឈប់សំរាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។ ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១ ដាន់នឹងធ្វើជាពស់នៅក្នុងផ្លូវ គឺជាពស់វែកនៅផ្លូវច្រកដែលចឹកកែងជើងសេះ ឲ្យអ្នកជំនិះធ្លាក់ផ្ងារក្រោយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។ ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។ ឯអេស៊ើរ អាហារវានឹងបានវិសេស ហើយវានឹងផ្គត់ផ្គង់របស់យ៉ាងឆ្ងាញ់ថ្វាយស្តេច។ ណែបថាលី ជាក្តាន់ដែលគេលែង វានឹងពោលពាក្យពីរោះស្តាប់។