លោកុប្បត្តិ 30:1-20

លោកុប្បត្តិ 30:1-20 គខប

ពេល​លោក​ស្រី​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​លោក​យ៉ាកុប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។ លោក​យ៉ាកុប​ខឹង​នឹង​លោក​ស្រី​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​ព្រះ‌ជាម្ចាស់​ឬ? គឺ​ព្រះអង្គ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។ លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់» ។ លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង នាង​ប៊ីល‌ហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។ លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។ នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។ លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជម្នះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។ កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។ នាង​ស៊ីលផា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។ លោក​ស្រី​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។ នាង​ស៊ីលផា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។ លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។ ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។ លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។ នៅ​ពេល​ល្ងាច លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​ជូន​លោក​យ៉ាកុប។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។ លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​មួយ ជូន​លោក​យ៉ាកុប លោក​ស្រី​លេអា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​ឲ្យ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូ‌ឡូន”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 30:1-20

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ