លោកុប្បត្តិ 30:1-20
លោកុប្បត្តិ 30:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលនាងរ៉ាជែលដឹងថា ខ្លួនមិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងមានចិត្តច្រណែននឹងបងស្រី ហើយនាងពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់មិនខាន»។ លោកយ៉ាកុបក៏នឹកក្តៅចិត្តនឹងនាងរ៉ាជែលជាខ្លាំង ហើយតបថា៖ «តើបងជាព្រះឬ ដែលបង្ខាំងមិនឲ្យអូនមានកូនដូច្នេះ?» ពេលនោះ នាងពោលថា៖ «នេះនែ៎ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់លើភ្លៅខ្ញុំ ហើយខ្ញុំនឹងបានកូនដោយសារវា»។ នាងរ៉ាជែលក៏ឲ្យនាងប៊ីលហាជាស្រីបម្រើ ទៅធ្វើជាប្រពន្ធលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។ នាងប៊ីលហាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ ពេលនោះ នាងរ៉ាជែលពោលថា៖ «ព្រះបានរកយុត្តិធម៌ឲ្យខ្ញុំហើយ ព្រះអង្គឮសំឡេងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "ដាន់" ។ នាងប៊ីលហាជាស្រីបម្រើនាងរ៉ាជែលមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀតឲ្យលោកយ៉ាកុប។ ពេលនោះ នាងរ៉ាជែលពោលថា៖ «ខ្ញុំបានខំប្រឹងតទល់ជាមួយ បងស្រីខ្ញុំជាខ្លាំង ហើយក៏បានឈ្នះ»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "ណែបថាលី"។ កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ នាងស៊ីលផាជាស្រីបម្រើនាងលេអាក៏បង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «មានសំណាងហើយ!» នាងក៏ដាក់ឈ្មោះកូននោះថា "កាដ" ។ នាងស៊ីលផាជាស្រីបម្រើរបស់នាងលេអា បង្កើតបានកូនមួយទៀតឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។ ថ្ងៃមួយ រូបេនបានចេញទៅវាលនៅរដូវច្រូតស្រូវសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូននាងលេអាជាម្តាយ។ ពេលនោះ នាងរ៉ាជែលពោលទៅកាន់នាងលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងខ្លះមកខ្ញុំផង»។ ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ នៅពេលល្ងាច កាលលោកយ៉ាកុបវិលមកពីចម្ការវិញ នាងលេអាក៏ចេញទៅទទួលដោយពាក្យថា៖ «យប់នេះ បងត្រូវចូលមកឯខ្ញុំ ដ្បិតខ្ញុំបានជួលបងដោយផ្លែស្នេហ៍កូនរបស់ខ្ញុំហើយ»។ ដូច្នេះ លោកក៏ដេកជាមួយនាងនៅយប់នោះទៅ។ ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។ នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។ ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។
លោកុប្បត្តិ 30:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកស្រីរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនលោកយ៉ាកុបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ លោកស្រីរ៉ាជែលពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។ លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាព្រះជាម្ចាស់ឬ? គឺព្រះអង្គទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។ លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។ លោកស្រីរ៉ាជែលក៏យកនាងប៊ីលហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។ លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ព្រះសណ្ដាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។ នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជម្នះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។ កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។ លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។ នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា “អេស៊ើរ”។ ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ នៅពេលល្ងាច លោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។ ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។ គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។ លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
លោកុប្បត្តិ 30:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់ រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។ កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់ រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើរ។ ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន