លោកុប្បត្តិ 27:1-29

លោកុប្បត្តិ 27:1-29 គខប

លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បងមក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។ ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។ បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។ ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។ ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា “ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ម្ដាយ​ប្រាប់​ឲ្យ​ធ្វើ។ ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្ដាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។ បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។ លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបិកា ជា​ម្ដាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។ ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។ ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។ លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។ បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀក‌បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។ បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំប៉័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​លោក​យ៉ាកុប​ជា​កូន​កាន់។ លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។ លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។ លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។ លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។ លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។ លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។ បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។ លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។ សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ថ្វាយ‌បង្គំ​កូន!។ សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បងប្អូន​របស់​កូន! សូម​ឲ្យ​បងប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ថ្វាយ‌បង្គំ​កូន! អ្នក​ណា​ដាក់​បណ្ដាសា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។