លោកុប្បត្តិ 27:1-29
លោកុប្បត្តិ 27:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។ លោកប្រាប់ថា៖ «មើល៍ ឥឡូវនេះ ពុកចាស់ហើយ មិនដឹងជាថ្ងៃណាដែលពុកស្លាប់ទេ ដូច្នេះ ចូរកូនយកប្រដាប់បរបាញ់ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅវាល ដើម្បីបាញ់សត្វយកមកឲ្យពុក ហើយរៀបចំម្ហូបយ៉ាងឆ្ងាញ់តាមដែលពុកចូលចិត្ត ឲ្យពុកបរិភោគម្តង ពុកនឹងឲ្យពរកូនមុនពេលពុកស្លាប់»។ កាលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់អេសាវជាកូន នោះលោកស្រីរេបិកាបានស្តាប់ឮ។ ពេលអេសាវចេញទៅវាល ដើម្បីបាញ់សត្វយកមកជូនឪពុក លោកស្រីរេបិកាប្រាប់លោកយ៉ាកុបជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ បងរបស់កូនថា "ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យពុកបរិភោគ ពុកនឹងឲ្យពរកូននៅចំពោះព្រះយេហូវ៉ា មុនពេលពុកស្លាប់"។ ដូច្នេះ កូនអើយ ចូរកូនស្តាប់ពាក្យដែលម្តាយបង្គាប់កូន។ ចូរទៅក្នុងហ្វូងសត្វ យកកូនពពែពីរយ៉ាងល្អមកឥឡូវ ម្តាយនឹងរៀបចំម្ហូបយ៉ាងឆ្ងាញ់ជូនឪពុកកូន តាមដែលគាត់ចូលចិត្ត រួចកូនយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរកូនវិញ មុនពេលគាត់ស្លាប់»។ ប៉ុន្ដែ លោកយ៉ាកុបឆ្លើយទៅម្តាយថា៖ «មើល៍! បងអេសាវមានរោមដុះពេញខ្លួន ចំណែកខ្ញុំគ្មានទេ ប្រសិនបើលោកឪពុកស្ទាបខ្ញុំ ហើយដឹងថាខ្ញុំបញ្ឆោតគាត់ នោះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្ដាសាវិញ»។ ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។ ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវជាកូនច្បង ដែលនៅក្នុងផ្ទះ មកបំពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ គាត់យកស្បែកពពែមករុំនៅដៃ និងកផង ត្រង់កន្លែងដែលគ្មានរោម។ បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។ លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?» លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។ លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «កូនអើយ ចូលមកជិតមក៍ ឲ្យពុកបានស្ទាបកូនមើល ដើម្បីឲ្យដឹងថា កូនជាអេសាវ កូនពុកមែន ឬមិនមែន»។ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិត ហើយថើបពុកមក៍!»។ លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។ សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។ សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
លោកុប្បត្តិ 27:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បងមកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។ លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។ បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។ ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវ លោកស្រីរេបិកាក៏បានលួចស្ដាប់ដែរ។ លោកអេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។ ពេលនោះ លោកស្រីរេបិកាពោលទៅកាន់លោកយ៉ាកុប ជាកូនថា៖ «ម្ដាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា “ចូរទៅបាញ់សត្វនៅព្រៃយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់”។ ឥឡូវនេះ កូនអើយ ចូរស្ដាប់ពាក្យដែលម្ដាយប្រាប់ឲ្យធ្វើ។ ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្ដាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់តាមដែលឪពុកកូនចូលចិត្ត។ បន្ទាប់មក កូននឹងយកម្ហូបនោះជូនឪពុកពិសា គាត់នឹងឲ្យពរកូនមុនពេលគាត់ស្លាប់»។ លោកយ៉ាកុបតបទៅលោកស្រីរេបិកា ជាម្ដាយវិញថា៖ «បងអេសាវមានរោមពេញខ្លួន តែកូនអត់មានទេ។ ប្រសិនបើលោកឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតលោក នោះកូនមុខជាទទួលបណ្ដាសាមិនខាន គឺមិនមែនទទួលពរទេ»។ ម្ដាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្ដាសានោះធ្លាក់មកលើម្ដាយចុះ! រីឯកូនគ្រាន់តែស្ដាប់ពាក្យម្ដាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ គាត់ក៏យករោមពពែមករុំដៃ និងរុំករបស់លោកយ៉ាកុប ត្រង់កន្លែងដែលគ្មានរោម។ បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំប៉័ងដែលគាត់បានធ្វើ មកឲ្យលោកយ៉ាកុបជាកូនកាន់។ លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ លោកពុំបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់លោកអេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។ លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីព្រះអម្ចាស់។ សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ ព្រះអង្គប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។ សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបថ្វាយបង្គំកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបថ្វាយបង្គំកូន! អ្នកណាដាក់បណ្ដាសាកូន អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
លោកុប្បត្តិ 27:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ នោះគាត់ប្រាប់ថា មើល ឥឡូវនេះ អញចាស់ហើយ មិនដឹងជាថ្ងៃណាដែលអញនឹងត្រូវស្លាប់ទេ ដូច្នេះ ចូរឯងយកគ្រឿងប្រដាប់មកឥឡូវ គឺបំពង់ព្រួញ នឹងធ្នូ ហើយចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមក រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់ ដូច្នេះ អេសាវក៏ចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមកជូនឪពុក ឯរេបិកា កាលអ៊ីសាកកំពុងតែនិយាយនឹងអេសាវជាកូន នោះនាងក៏ឮដែរ។ រួចរេបិកាប្រាប់យ៉ាកុបជាកូនថា មើល អញឮឪពុកឯងនិយាយនឹងអេសាវបងឯងថា ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យអញស៊ីម្តង ដើម្បីឲ្យអញបានឲ្យពរដល់ឯងនៅចំពោះព្រះយេហូវ៉ា មុនពេលដែលអញស្លាប់ ដូច្នេះ កូនអើយ ចូរឯងស្តាប់តាមបង្គាប់អញចុះ ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត រួចសឹមឯងយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរដល់ឯងវិញ មុនពេលដែលគាត់ស្លាប់ តែយ៉ាកុបឆ្លើយទៅម្តាយថា មើល អេសាវបងខ្ញុំមានរោមដុះស្មូញស្មាញ តែខ្ញុំគ្មានទេ ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ នាងដាក់ស្បែកពពែភ្ជាប់នៅដៃ ហើយនឹងកញ្ចឹងកផង រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ នឹងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។ គាត់ក៏ចូលទៅឯឪពុកជំរាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើង ពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសំលៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ សូមឲ្យព្រះទ្រង់ប្រទានសន្សើមពីលើមេឃ ហើយផលពីផែនដី ជាស្រូវ នឹងស្រាទំពាំងបាយជូរជាបរិបូរដល់ឯង ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។