លោកុប្បត្តិ 26:1-11

លោកុប្បត្តិ 26:1-11 គខប

នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រាហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៃ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌អម្ចាស់​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ‌បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។ ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបិកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​និយាយ​ដូច្នេះ មក​ពី​ទូលបង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូលបង្គំ»។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 26:1-11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ