លោកុប្បត្តិ 26:1-11

លោកុប្បត្តិ 26:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក ផ្សេង​ពី​អំណត់​លើក​មុន ដែល​កើត​មាន​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ។ លោក​អ៊ីសាក​ធ្វើ​ដំណើរ​ទៅ​ក្រុង​កេរ៉ា ទៅ​ជ្រក​កោននឹង​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលី‌ស្ទីន។ ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​អ៊ីសាក​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូររស់​នៅ​ក្នុង​ស្រុក​ដែល​យើង​នឹង​ប្រាប់​អ្នក​វិញ។ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ យើង​នឹង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក ហើយ​យើង​នឹង​សម្រេច​តាម​ពាក្យ​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​របស់​អ្នក។ យើង​នឹង​ចម្រើន​ពូជ‌ពង្ស​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក រួច​អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​យើង ហើយ​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ​បញ្ជា តាម​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ ដូច្នេះ លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ស្រុក​កេរ៉ា។ ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​អំពី​ប្រពន្ធ​លោក លោក​ប្រាប់​ថា៖ «នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ» ដ្បិត​លោក​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​របស់​លោក​ឡើយ ដោយ​គិត​ថា ក្រែង​អ្នក​រស់​នៅ​ស្រុក​នោះ​សម្លាប់​លោក ព្រោះ​តែ​នាង​រេបិកា ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ កាល​លោក​បាន​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលី‌ស្ទីន បាន​ក្រឡេក​មើល​តាម​បង្អួច ឃើញ​លោក​អ៊ីសាក​កំពុង​ប្រឡែង​ជាមួយ​នាង​រេបិកា ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បាន​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ នាង​ជា​ប្រពន្ធ​អ្នក​ទេតើ! ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា "នាង​ជា​ប្អូនរបស់​ខ្ញុំ"ដូច្នេះ?» លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ព្រោះ​ទូល‌បង្គំ​នឹក​ថា ក្រែង​ទូល‌បង្គំ​ត្រូវ​ស្លាប់​ព្រោះ​តែ​នាង»។ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «ម្តេច​ក៏​អ្នក​ធ្វើ​ចំពោះ​យើង​ដូច្នេះ? បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌ជន បាន​រួម​ដំណេក​ជា‌មួយ​ប្រពន្ធ​អ្នក នោះ​អ្នក​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ​មិន​ខាន»។ ដូច្នេះ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ហាម​ប្រជា‌រាស្ត្រ​ទាំង​អស់​ថា៖ «អ្នក​ណា​ដែល​ប៉ះ​ពាល់​បុរស​នេះ ឬ​ប្រពន្ធ​របស់​គាត់ អ្នក​នោះ​នឹង​ត្រូវ​សម្លាប់»។

លោកុប្បត្តិ 26:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រាហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៃ​ជន‌ជាតិ​ភីលីស្ទីន។ ព្រះ‌អម្ចាស់​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ‌បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។ លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។ ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបិកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​និយាយ​ដូច្នេះ មក​ពី​ទូលបង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូលបង្គំ»។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

លោកុប្បត្តិ 26:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក​ផ្សេង​ពី​អំណត់​ជាន់​មុន ដែល​កើត​មាន​នៅ​ជំនាន់​អ័ប្រា‌ហាំ ហើយ​អ៊ីសាក គាត់​ទៅ​ឯ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលីស្ទីន​នៅ​កេរ៉ា នោះ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា កុំ​ឲ្យ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឯង​នៅ​ក្នុង​ស្រុក​ដែល​អញ​នឹង​ប្រាប់​ឯង​វិញ ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ នឹង​បញ្ញត្ត ហើយ​ច្បាប់ នឹង​ក្រឹត្យ‌វិន័យ​របស់​អញ។ នោះ​អ៊ីសាក​ក៏​នៅ​ក្នុង​ស្រុក​កេរ៉ា ហើយ​មនុស្ស​នៅ​ស្រុក​នោះ​គេ​សួរ​ពី​ដំណើរ​ប្រពន្ធ​គាត់ នោះ​គាត់​ប្រាប់​ថា គឺ​ជា​ប្អូន​ខ្ញុំ​ទេ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​ឡើយ ក្រែង​មនុស្ស​ស្រុក​នោះ​សំឡាប់​គាត់​ដោយ​ព្រោះ​រេបិកា ព្រោះ​នាង​មាន​រូប​ស្រស់​ល្អ​ណាស់ កាល​គាត់​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ទៅ អ័ប៊ី‌ម៉្មា‌ឡិច ស្តេច​សាសន៍​ភីលីស្ទីន ក៏​ទត​តាម​បង្អួច​មក ឃើញ​អ៊ីសាក​កំពុង​ប្រឡែង​នឹង​រេបិកា​ជា​ប្រពន្ធ អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហៅ​អ៊ីសាក​មក​សួរ​ថា នេះ​ប្រាកដ​ជា​ប្រពន្ធ​អ្នក​ពិត ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា នាង​ជា​ប្អូន​វិញ​ដូច្នេះ រួច​អ៊ីសាក​ទូល​ឆ្លើយ​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ខ្លាច​ក្រែង​ទូលបង្គំ​ត្រូវ​ស្លាប់​ដោយ​ព្រោះ​នាង អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​តប​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ ក្រែង​មាន​ពួក​រាស្ត្រ​ណា​មួយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក យ៉ាង​នោះ​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហាម​ដល់​រាស្ត្រ​ទាំង​អស់​ថា អ្នក​ណា​ដែល​ពាល់​មនុស្ស​នេះ​ឬ​ប្រពន្ធ​គាត់ នោះ​នឹង​ត្រូវ​សំឡាប់​ជា​ពិត