លោកុប្បត្តិ 24:17-22
លោកុប្បត្តិ 24:17-22 គខប
អ្នកបម្រើរបស់លោកអប្រាហាំរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង ឲ្យខ្ញុំទទួលទានបន្តិច»។ នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។ បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។ កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបម្រើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកឲ្យនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់ឲ្យនាងដែរ។

