បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។ ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្តយេស៊ូដែរ។ តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?។ រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្តបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។ បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។ ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ
អាន កាឡាទី 4
ស្ដាប់នូវ កាឡាទី 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 4:12-26
20 ថ្ងៃ
«ដោយសេចក្ដីជំនឿតែមួយគត់» យើងត្រូវបានសង្គ្រោះ មិនមែនដោយអ្វីដែលយើងធ្វើដើម្បីទទួលបានអំណោយនៃសេចក្ដីសង្គ្រោះនោះទេ នោះគឺជាសារដ៏ច្បាស់ និងផ្ទាល់នៃសំបុត្រទៅកាន់ពួកកាឡាទី។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកាឡាទី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ