កាឡាទី 4:12-26
កាឡាទី 4:12-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។ អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។ ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះនៅឯណា? ដ្បិតខ្ញុំមានបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះ អ្នករាល់គ្នាសឹងតែខ្វេះភ្នែកឲ្យខ្ញុំទៀតផង ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន។ ឥឡូវនេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិតឬ? អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ ការដែលយកចិត្តទុកដាក់ឲ្យមានបំណងល្អជានិច្ច នោះត្រឹមត្រូវហើយ មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ។ កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំចង់នៅជាមួយអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្លាស់ប្តូរសម្ដីរបស់ខ្ញុំ ដ្បិតខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។ អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូនពីរនាក់ ម្នាក់កើតពីស្ដ្រីជាបាវបម្រើ ម្នាក់ទៀតកើតពីស្ដ្រីអ្នកជា ។ ប៉ុន្ដែ កូនដែលកើតពីស្ត្រីជាបាវបម្រើ ជាកូនកើតមកតាមសាច់ឈាម ឯកូនដែលកើតពីស្ត្រីអ្នកជាវិញ កើតមកតាមសេចក្ដីសន្យា។ នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។ នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។ ប៉ុន្ដែ ក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីអ្នកជា ហើយជាម្តាយរបស់យើង។
កាឡាទី 4:12-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។ ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្តយេស៊ូដែរ។ តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?។ រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្តបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។ បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។ ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ
កាឡាទី 4:12-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្ដីកំសោយខាងសាច់ឈាម ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្ដីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង ដូច្នេះ សេចក្ដីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្ដីពិតឬអី គេមានសេចក្ដីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ គួរឲ្យមានសេចក្ដីសង្វាតខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្ដីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។ អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្ដីដែលក្រិត្យវិន័យថាទេឬអី ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយដែលកើតពីអ្នកជា បានកើតតាមសេចក្ដីសន្យាវិញ នោះជាសេចក្ដីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្ដីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា