កាឡាទី 3:10-14

កាឡាទី 3:10-14 គខប

រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ» ។ មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ» ។ រីឯ​ក្រឹត្យ‌វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ» ។ ដោយ​ព្រះ‌គ្រិស្ត​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ព្រះអង្គ​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ក្រឹត្យ‌វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!» ។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។