កាឡាទី 3:10-14
កាឡាទី 3:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯអស់អ្នកដែលអាងលើការប្រព្រឹត្តតាមក្រឹត្យវិន័យ គេត្រូវបណ្ដាសាហើយ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអស់អ្នកដែលមិនកាន់ខ្ជាប់ និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ» ។ ឥឡូវនេះ ច្បាស់ហើយថា គ្មានអ្នកណាម្នាក់បានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ដ្បិត «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។ ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ ក្នុងព្រះគ្រីស្ទយេស៊ូវបានទៅដល់សាសន៍ដទៃ ហើយឲ្យយើងអាចទទួលព្រះវិញ្ញាណជាសេចក្តីសន្យាដោយសារជំនឿ។
កាឡាទី 3:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។ រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ» ។ ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
កាឡាទី 3:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្ដីជំនឿ» ឯក្រិត្យវិន័យ មិនអាងសេចក្ដីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្ដីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្ដីទាំងនោះ ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។