អេសេគាល 48:1-9
អេសេគាល 48:1-9 គខប
តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើត ទៅទិសខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណាសេ ចាប់ពីខាងកើតទៅខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។ ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។ នៅជាប់នឹងទឹកដីរបស់កុលសម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុលសម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទីសក្ការៈត្រូវនៅចំកណ្ដាលដីនោះ។ ដីដែលអ្នករាល់គ្នាញែកថ្វាយព្រះអម្ចាស់ ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។

