អេសេគាល 48

48
1ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច។ 2ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 3ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី​នៅ​ជាប់​នឹង​ទឹក​ដី​អេ‌ស៊ើរ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 4ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ជាប់​នឹង​ទឹក​ដី​ណែប‌ថាលី ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 5ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 6ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រាអ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 7ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។
8នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទីសក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។ 9ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។ 10ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។ 11ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ឆ្ងាយ​ពី​យើង​បូជា‌ចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។ 12ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ ជា​ដី​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។ 13ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​បូជា‌ចារ្យ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជា‌ចារ្យ​ដែរ។ 14ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់
15ចំណែក​ឯ​ដី​ដែល​នៅ​សល់ មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ និង​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ត្រូវ​ចាត់​ទុក​ជា​ដី​សាមញ្ញ​ធម្មតា សម្រាប់​សង់​ក្រុង ផ្ទះ និង​វាល​ស្មៅ ទីក្រុង​ស្ថិត​នៅ​ចំ​កណ្ដាល។ 16ទីក្រុង​នេះ​មាន​ទំហំ​ដូច​ត​ទៅ: ខាង​ជើង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​ត្បូង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​កើត​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​លិច​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ។ 17ទីក្រុង​នេះ​ត្រូវ​មាន​វាល​ស្មៅ​ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​ជើង ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​ត្បូង ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​កើត ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​លិច។ 18ដី​ដែល​នៅ​សល់​តាម​បណ្ដោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ​ខាង​កើត មួយ​ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សម្រាប់​ដាំ​ដំណាំ ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។ 19អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង ទោះ​បី​គេ​មក​ពី​កុល‌សម្ព័ន្ធ​ណា​ក្ដី ក៏​គេ​អាច​ដាំ​ដំណាំ​លើ​ដី​នោះ​បាន​ដែរ។ 20សរុប​មក ដី​ដែល​ត្រូវ​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្មសិទ្ធិ​របស់​ទីក្រុង។
21ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទីសក្ការៈ​ក្នុង​ព្រះ‌ដំណាក់​ស្ថិត​នៅ​ចំ​កណ្ដាល។ 22ដី​របស់​មេ​ដឹក​នាំ​មាន​ដី​របស់​ពួក​លេវី និង​ដី​របស់​ទីក្រុង​នៅ​ចំ​ពាក់​កណ្ដាល ដី​នោះ​ស្ថិត​នៅ​ចន្លោះ​ដី​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ 23កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ដែល​ត្រូវ​ទទួល​ដី​ជា​ចំណែក​មត៌ក​នោះ គឺ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 24ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន​នៅ​ជាប់​នឹង​ទឹក​ដី​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 25ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​នៅ​ជាប់​នឹង​ទឹក​ដី​ស៊ីម្មាន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 26ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​នៅ​ជាប់​នឹង​ទឹក​ដី​អ៊ីសា‌ខារ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 27ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ​នៅ​ជាប់​នឹង​ទឹក​ដី​សាប់យូ‌ឡូន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ 28ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ជា​ព្រំ‌ដែន​ខាង​ត្បូង​របស់​ស្រុក លាត​សន្ធឹង​ចាប់​ពី​តាម៉ារ​រហូត​ដល់​មេរី‌បា​នៅ​វាល​រហោ‌ស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូរ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ាណេ។ 29នេះ​ហើយ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក ដល់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត​យក​ជា​ចំណែក​មត៌ក​របស់​ពួក​គេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
30 រីឯ​ច្រក​ចូល​ទីក្រុង​មាន​ដូច​ត​ទៅ: កំពែង​ខាង​ជើង​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ។ 31នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។ 32កំពែង​ខាង​កើត​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​យ៉ូសែប ទ្វារ​បេន‌យ៉ាមីន និង​ទ្វារ​ដាន់។ 33កំពែង​ខាង​ត្បូង​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​ស៊ីម្មាន ទ្វារ​អ៊ីសា‌ខារ និង​ទ្វារ​សាប់យូ‌ឡូន។ 34កំពែង​ខាង​លិច​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​កាដ ទ្វារ​អេ‌ស៊ើរ និង​ទ្វារ​ណែប‌ថាលី។ 35ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នេះ»។

ទើបបានជ្រើសរើសហើយ៖

អេសេគាល 48: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ