នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា: តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី? អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់ ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។ ដើមតាត្រៅនោះលូតឡើង ចុងវាខ្ពស់កប់ពពក។ ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។ ដើមតាត្រៅនោះលូតឡើងខ្ពស់ លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ បែកមែកសាខា ហើយលាតសន្ធឹង ព្រោះឫសវាសម្បូណ៌ទឹក។ បក្សាបក្សីនាំគ្នាមកធ្វើសំបុក នៅតាមមែករបស់វា រីឯសត្វព្រៃទាំងប៉ុន្មាន ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម ម្លប់របស់វាដែរ។ ដើមតាត្រៅនោះល្អណាស់ ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។ ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ ល្អដូចដើមតាត្រៅនេះឡើយ។ យើងបានតុបតែងវាឲ្យមានមែកជាច្រើន ដើមឈើទាំងប៉ុន្មាននៅអេដែន ដែលជាឧទ្យានរបស់ព្រះជាម្ចាស់ នាំគ្នាច្រណែននឹងវា។ យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកម្ពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកម្រើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។ ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 31
ស្ដាប់នូវ អេសេគាល 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 31:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ