អេសេគាល 31:1-18
អេសេគាល 31:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់មួយ ខែទីបី ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលអ្នកធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី? មើល៍! ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុប បាំងម្លប់ ហើយចុងវាខ្ពស់កប់ពពក ។ ទឹកទាំងឡាយបានចម្រើនដើមនោះ ហើយទីជម្រៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់ គ្រប់ទាំងដើមឈើនៅដីនោះផង។ ហេតុនោះបានជាវាលូតខ្ពស់ជាង អស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ។ អស់ទាំងសត្វហើរលើអាកាស បានធ្វើសម្បុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដី បានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ។ យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន។ អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះ នឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយក្នុងសួនច្បារនៃព្រះ ដែលមានលម្អដូចវាឡើយ។ យើងបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរ បានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះវា បានធំឡើងយ៉ាងខ្ពស់ ហើយចុងរបស់វាលូតឡើងខ្ពស់កប់ពពក ហើយមានចិត្តប៉ោងឡើងខ្ពស់ នោះយើងបានប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា យើងបានបណ្តេញវាចេញហើយ ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ ឯសត្វហើរលើអាកាស នឹងមកអាស្រ័យនៅលើបំណែក ហើយអស់ទាំងសត្វនៅដី នឹងមកអាស្រ័យនៅលើមែកវា ប្រយោជន៍មិនឲ្យដើមឈើទាំងប៉ុន្មាន នៅក្បែរទឹកបានលូតឡើងខ្ពស់ ឬឲ្យមានចុងខ្ពស់កប់ពពក ហើយមិនឲ្យដើមណាដែលបឺតទឹក ដុះឡើងមានសណ្ឋានខ្ពស់ស្មើនឹងវា។ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្ដាលពួកមនុស្សជាតិ ជាមួយពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះយើងបានឲ្យគេយំសោក យើងបានគ្របទីជម្រៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង យើងបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្ដាលអស់ទាំងសាសន៍។ ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
អេសេគាល 31:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា: តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី? អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់ ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។ ដើមតាត្រៅនោះលូតឡើង ចុងវាខ្ពស់កប់ពពក។ ទឹកទន្លេធ្វើឲ្យវាដុះធំឡើង ទឹកនៅទីជម្រៅធ្វើឲ្យវាលូតឡើងយ៉ាងខ្ពស់ ហើយហូរជុំវិញដើមនោះ រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។ ដើមតាត្រៅនោះលូតឡើងខ្ពស់ លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ បែកមែកសាខា ហើយលាតសន្ធឹង ព្រោះឫសវាសម្បូណ៌ទឹក។ បក្សាបក្សីនាំគ្នាមកធ្វើសំបុក នៅតាមមែករបស់វា រីឯសត្វព្រៃទាំងប៉ុន្មាន ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម ម្លប់របស់វាដែរ។ ដើមតាត្រៅនោះល្អណាស់ ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។ ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ ល្អដូចដើមតាត្រៅនេះឡើយ។ យើងបានតុបតែងវាឲ្យមានមែកជាច្រើន ដើមឈើទាំងប៉ុន្មាននៅអេដែន ដែលជាឧទ្យានរបស់ព្រះជាម្ចាស់ នាំគ្នាច្រណែននឹងវា។ យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យដឹងថា ដើមតាត្រៅនេះមានកម្ពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះ រួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វាបាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយ នៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ សត្វស្លាបទាំងប៉ុន្មាននាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកម្រើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។ ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 31:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃ១ ខែជេស្ឋ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ នឹងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី មើល ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុបបាំងម្លប់ ក៏មានសណ្ឋានខ្ពស់ ហើយកំពូលនៅកណ្តាលមែកញឹកស្និត ទឹកទាំងឡាយបានចំរើនដើមនោះ ហើយទីជំរៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់គ្រប់ទាំងដើមឈើនៅដីនោះផង ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចំរើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ អស់ទាំងសត្វហើរលើអាកាសបានធ្វើសំបុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដីបានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះនឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានធំឡើងយ៉ាងខ្ពស់ ហើយមានកំពូលលូតឡើងនៅកណ្តាលមែកញឹកស្និត ហើយមានចិត្តប៉ោងឡើងដោយសារកំពស់នោះ នោះអញបានប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ ឯសត្វហើរលើអាកាសនឹងមកអាស្រ័យនៅលើបំណែក ហើយអស់ទាំងសត្វនៅដីនឹងមកអាស្រ័យនៅលើមែកវា ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជំរៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន នឹងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយនឹងវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្តាលអស់ទាំងសាសន៍។ ដូច្នេះ តើឯងប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ ទោះបើយ៉ាងណាក៏ដោយ គង់តែឯងនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយនឹងពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ ឯងនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយនឹងអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះឯងគឺជាផារ៉ោន នឹងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។