ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរពេញដោយឃាតកម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។ ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។ យេរូសាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជាជាតិទាំងឡាយបន្ទាបបន្ថោក ហើយមនុស្សម្នាគ្រប់ស្រុកនឹងមើលងាយអ្នក។ សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើលងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់ធ្ងរ។ មេដឹកនាំអ៊ីស្រាអែលប្រើកម្លាំងរបស់ខ្លួនបង្ហូរឈាមគេនៅក្នុងក្រុងនេះ។ ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។ ពួកគេមើលងាយទីសក្ការៈ និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។ នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ពួកគេបង្ខំស្ត្រីដែលកំពុងមានរដូវឲ្យរួមដំណេកជាមួយខ្លួន។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។ អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 22
ស្ដាប់នូវ អេសេគាល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 22:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ