អេសេគាល 22:1-12
អេសេគាល 22:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះឬ? តើចង់ជំនុំជម្រះទីក្រុង ដែលតែងតែកម្ចាយឈាមឬទេ? ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ។ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទីក្រុងណាដែលកម្ចាយឈាម ដើម្បីឲ្យពេលកំណត់បានមកដល់ ក៏ធ្វើឲ្យរូបព្រះសម្រាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោក អ្នកមានទោសដោយឈាមដែលអ្នកបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលអ្នកបានធ្វើដែរ អ្នកបានធ្វើឲ្យថ្ងៃកំណត់អ្នកជិតមកដល់ អ្នកដល់កំណត់ឆ្នាំរបស់អ្នកហើយ ហេតុនោះបានជាយើងធ្វើឲ្យអ្នកត្រឡប់ទៅទីត្មះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង។ ឱអ្នកដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយ គេនឹងចំអកឡកឡឺយឲ្យអ្នក។ មើល៍! ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងអ្នក តាមអំណាចដែលអាចនឹងកម្ចាយឈាម។ នៅក្នុងអ្នក គេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្ដាលអ្នក គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងអ្នក គេបានជិះជាន់ពួកកំព្រា និងស្ត្រីមេម៉ាយ។ អ្នកបានខ្ពើមគ្រឿងបរិសុទ្ធរបស់យើង ហើយបានបង្អាប់ថ្ងៃសប្ប័ទរបស់យើងដែរ។ នៅក្នុងអ្នកមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងអ្នក គេបានស៊ីនៅលើភ្នំ នៅកណ្ដាលអ្នកគេបានប្រព្រឹត្តការអាស្រូវបារាយណ៍។ នៅក្នុងអ្នក គេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងអ្នក គេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ។ ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើមជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន មួយទៀត បានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងអ្នកបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន។ នៅក្នុងអ្នកគេបានស៊ីសំណូក ដើម្បីកម្ចាយឈាម អ្នកបានយកទាំងការ និងកម្រៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងអ្នក ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចយើងទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អេសេគាល 22:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរពេញដោយឃាតកម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។ ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។ យេរូសាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជាជាតិទាំងឡាយបន្ទាបបន្ថោក ហើយមនុស្សម្នាគ្រប់ស្រុកនឹងមើលងាយអ្នក។ សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើលងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់ធ្ងរ។ មេដឹកនាំអ៊ីស្រាអែលប្រើកម្លាំងរបស់ខ្លួនបង្ហូរឈាមគេនៅក្នុងក្រុងនេះ។ ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។ ពួកគេមើលងាយទីសក្ការៈ និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។ នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ពួកគេបង្ខំស្ត្រីដែលកំពុងមានរដូវឲ្យរួមដំណេកជាមួយខ្លួន។ អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។ អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 22:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា ឯឯង កូនមនុស្សអើយ តើឯងចង់ជំនុំជំរះឬ តើចង់ជំនុំជំរះទីក្រុង ដែលតែងតែកំចាយឈាមឬអី ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ យីះទីក្រុងណាដែលកំចាយឈាមនៅកណ្តាលខ្លួន ដើម្បីឲ្យកំណត់ខ្លួនបានមកដល់ ហើយក៏ធ្វើរូបព្រះសំរាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោកទៅដូច្នេះ ឯងមានទោសដោយឈាមដែលឯងបានកំចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលឯងបានធ្វើដែរ ឯងបានធ្វើឲ្យថ្ងៃកំណត់ឯងជិតមកដល់ ឯងដល់កំណត់ឆ្នាំរបស់ឯងហើយ ហេតុនោះបានជាអញធ្វើឲ្យឯងត្រឡប់ទៅជាទីត្មះតិះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង ឱឯងដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយផង គេនឹងចំអកឡកឡឺយឲ្យឯង។ មើល ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងឯង តាមអំណាចដែលអាចនឹងកំចាយឈាម នៅក្នុងឯងគេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្តាលឯង គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងឯងគេបានរឹបជាន់ពួកកំព្រា នឹងស្រីមេម៉ាយ ឯងបានខ្ពើមគ្រឿងបរិសុទ្ធរបស់អញ ហើយបានបង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ នៅក្នុងឯងមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកំចាយឈាម នៅក្នុងឯងគេបានស៊ីនៅលើភ្នំ នៅកណ្តាលឯងគេបានប្រព្រឹត្តការអាស្រូវបារាយណ៍ នៅក្នុងឯងគេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងឯងគេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើម ជាមួយនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន ១ទៀតបានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងឯងបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន នៅក្នុងឯងគេបានស៊ីសំណូក ដើម្បីនឹងកំចាយឈាម ឯងបានយកទាំងការ នឹងកំរៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងឯង ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចអញទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។