ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជាព្រះអម្ចាស់ យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើងក្នុងឋានៈជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះព្រះអម្ចាស់ទេ។ យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។ យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។ លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។ លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។ ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
អាន និក្ខមនំ 6
ស្ដាប់នូវ និក្ខមនំ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 6:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ