និក្ខមនំ 6:1-13
និក្ខមនំ 6:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន ដ្បិតដោយដៃដ៏ខ្លាំងពូកែ យើងនឹងឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ហើយដោយដៃដ៏ខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ»។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «យើងជាព្រះយេហូវ៉ា យើងបានលេចមកឲ្យអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបស្គាល់យើង ថាជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ យើងមិនបានឲ្យគេស្គាល់នាមយើងជា "យេហូវ៉ា" ទេ។ យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។ យើងបានឮសំឡេងស្រែកថ្ងូររបស់កូនចៅអ៊ីស្រាអែល ដែលសាសន៍អេស៊ីព្ទចាប់ឲ្យធ្វើជាទាសករ ហើយយើងបាននឹកចាំសេចក្ដីសញ្ញារបស់យើង។ ដូច្នេះ ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "យើងជាព្រះយេហូវ៉ា យើងនឹងនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ ហើយរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់គេ យើងនឹងប្រោសលោះអ្នករាល់គ្នា ដោយលើកដៃយើងឡើង និងដោយការវិនិច្ឆ័យយ៉ាងធំ។ យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។ យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរទៅប្រាប់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទថា ត្រូវបើកឲ្យកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ»។ ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ សូម្បីតែកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់ទូលបង្គំផង ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ ជាអ្នកដែលមិនសូវមានវោហារដូច្នេះ? » នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន ជាសេចក្ដីបង្គាប់ដល់កូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។
និក្ខមនំ 6:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជាព្រះអម្ចាស់ យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើងក្នុងឋានៈជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះព្រះអម្ចាស់ទេ។ យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។ យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។ លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។ លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។ ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
និក្ខមនំ 6:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន ដ្បិតដោយដៃខ្លាំងពូកែ នោះអញនឹងឲ្យរាស្ត្រអញចេញទៅ ហើយដោយដៃខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅផង។ ព្រះទ្រង់ក៏មានបន្ទូលទៅម៉ូសេទៀតថា អញជាព្រះយេហូវ៉ា អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ គេមិនបានស្គាល់អញដោយនាមជា «យេហូវ៉ា» របស់អញនោះទេ អញក៏បានតាំងសេចក្ដីសញ្ញារបស់អញដល់គេថា នឹងឲ្យស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅទុកដូចជាអ្នកដទៃ អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបំរើ ហើយអញបានរឭកដល់សេចក្ដីសញ្ញារបស់អញនោះ ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរ្តិ៍អាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែ ដោយព្រោះសេចក្ដីវេទនានឹងការបំរើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ តែម៉ូសេទូលនៅចំពោះព្រះយេហូវ៉ាថា មើល សូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅ ហើយចំណង់បើផារ៉ោនធ្វើដូចម្តេចឲ្យស្តាប់តាមទូលបង្គំបាន បើទូលបង្គំជាអ្នកមិនសូវចេះវោហារដូច្នេះផង នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ម៉ូសេ នឹងអើរ៉ុន ជាសេចក្ដីបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទប្រយោជន៍ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែល ឲ្យចេញពីស្រុកអេស៊ីព្ទទៅ។