និក្ខមនំ 40:16-29
និក្ខមនំ 40:16-29 គខប
លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់លោក។ ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លា នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ លោកម៉ូសេឲ្យគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ គេលាតក្រណាត់បាំងព្រះពន្លា ដាក់ក្រណាត់គ្របពីលើ ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមកគ្របលើហិបនោះ។ គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេដាក់តុសក្ការៈក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងជើងព្រះពន្លា និងនៅពីមុខវាំងនន គេរៀបចំនំប៉័ងសម្រាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេដាក់អាសនៈមាសក្នុងពន្លាជួបព្រះអម្ចាស់ ពីមុខវាំងនន។ គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ គេចងវាំងនននៅមាត់ទ្វារចូលព្រះពន្លា។ គេដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។

