និក្ខមនំ 34:1-7

និក្ខមនំ 34:1-7 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។ ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់‌ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។ មិន​ត្រូវ​ឲ្យ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​ឲ្យ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ ក៏​មិន​ត្រូវ​ឲ្យ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។ លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។ ព្រះ‌អម្ចាស់​បាន​ចុះ​មក​ក្នុង​ពពក* ហើយ​គង់​នៅ​ទី​នោះ ក្បែរ​លោក​ម៉ូសេ ទាំង​ប្រកាស​ព្រះ‌នាម​ព្រះ‌អម្ចាស់។ បន្ទាប់​មក ព្រះ‌អម្ចាស់​បាន​ឆ្លង​កាត់​ពី​មុខ​លោក​ម៉ូសេ ទាំង​ប្រកាស​ថា៖ «ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់ ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ‌ស្ម័គ្រ​ជានិច្ច។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​តំណ ព្រះអង្គ​តែងតែ​អត់‌ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។