និក្ខមនំ 34:1-7
និក្ខមនំ 34:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។ ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរនៅចំពោះយើង នៅលើកំពូលភ្នំ។ កុំឲ្យអ្នកណាឡើងមកជាមួយអ្នកឡើយ ហើយកុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀម ឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ»។ លោកម៉ូសេក៏ដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់ ទាំងយកបន្ទះថ្មពីរផ្ទាំងនោះកាន់នៅដៃទៅជាមួយផង។ ព្រះយេហូវ៉ាបានយាងចុះមកក្នុងពពក ហើយគង់នៅទីនោះជាមួយលោក ទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង។ ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះអំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា ជាឥតទោសឡើយ ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
និក្ខមនំ 34:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។ មិនត្រូវឲ្យនរណាឡើងមកជាមួយអ្នក មិនត្រូវឲ្យមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោ ក៏មិនត្រូវឲ្យមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។ លោកម៉ូសេក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃ តាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់តំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
និក្ខមនំ 34:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។ ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។