ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ថានឹងប្រគល់ឲ្យពូជពង្សរបស់គេ។ យើងនឹងចាត់ទេវតារបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជាជនរឹងរូស»។ ពេលប្រជាជនឮព្រះបន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហោរែប ប្រជាជនអ៊ីស្រាអែលលែងពាក់គ្រឿងអលង្ការទៀតហើយ។ នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ ដែលនៅខាងក្រៅជំរំ។ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
អាន និក្ខមនំ 33
ស្ដាប់នូវ និក្ខមនំ 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 33:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ