និក្ខមនំ 33:1-11
និក្ខមនំ 33:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅចុះ ចេញពីទីនេះទៅ ព្រមទាំងប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីព្ទ ទៅឯស្រុកដែលយើងបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបថា "យើងនឹងឲ្យស្រុកនោះដល់ពូជពង្សរបស់អ្នក"។ យើងនឹងចាត់ទេវតាមួយឲ្យនាំមុខអ្នក ហើយយើងនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ។ ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។ កាលប្រជាជនឮព្រះបន្ទូលធ្ងន់ៗដូច្នេះ ពួកគេក៏មានចិត្តសោកសៅ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អអ្វីឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ ដូច្នេះ កូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលម្អចេញពីខ្លួន ចាប់ពីពេលចាកចេញពីភ្នំហូរែបតទៅ។ លោកម៉ូសេមានទម្លាប់យកត្រសាលទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំ ហើយលោកហៅត្រសាលនោះថា «ត្រសាលជំនុំ»។ ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា ត្រូវចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅជំរំ។ កាលណាលោកម៉ូសេចេញទៅត្រសាលជំនុំ ប្រជាជនទាំងអស់ក៏ក្រោកឈរឡើងនៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេ រហូតទាល់តែលោកចូលផុតទៅក្នុងត្រសាលជំនុំ។ កាលលោកម៉ូសេចូលទៅក្នុងត្រសាលផុតហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ។ កាលប្រជាជនទាំងអស់ឃើញបង្គោលពពកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ពួកគេទាំងអស់គ្នាក៏ក្រោកឡើងថ្វាយបង្គំ នៅមាត់ទ្វារជំរំរបស់គេរៀងៗខ្លួន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ដូចមនុស្សនិយាយជាមួយមិត្តសម្លាញ់។ បន្ទាប់មក លោកវិលត្រឡប់មកឯជំរំវិញ តែយ៉ូស្វេជាកូនរបស់លោកនុន ជាជំនួយការរបស់លោក ដែលនៅកំលោះនៅឡើយ មិនបានចេញពីត្រសាលជំនុំទេ។
និក្ខមនំ 33:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាកចេញពីទីនេះ ជាមួយប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីប ហើយចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ថានឹងប្រគល់ឲ្យពូជពង្សរបស់គេ។ យើងនឹងចាត់ទេវតារបស់យើងឲ្យនាំមុខអ្នក យើងនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ អ្នករាល់គ្នានឹងចូលទៅក្នុងស្រុក ដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ ប៉ុន្តែ យើងនឹងមិននៅជាមួយអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសនៅតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាប្រជាជនរឹងរូស»។ ពេលប្រជាជនឮព្រះបន្ទូលនេះ ពួកគេកើតទុក្ខព្រួយ ហើយគ្មាននរណាពាក់គ្រឿងអលង្ការទៀតឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាជាប្រជាជនរឹងរូស! ប្រសិនបើយើងនៅជាមួយអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសជាមិនខាន។ ចូរដោះគ្រឿងអលង្ការចេញ នោះយើងនឹងសម្រេចថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។ ដូច្នេះ ក្រោយពេលចាកចេញពីភ្នំហោរែប ប្រជាជនអ៊ីស្រាអែលលែងពាក់គ្រឿងអលង្ការទៀតហើយ។ នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅ ឆ្ងាយពីជំរំបន្តិច គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ ត្រូវតែចេញពីជំរំ ឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ ដែលនៅខាងក្រៅជំរំ។ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លា នោះដុំពពក*ក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លា នោះពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វារតង់ត៍របស់គេរៀងៗខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
និក្ខមនំ 33:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសចេញ ឯងនឹងឡើងទៅឯស្រុក១ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ តែអញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឲ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង។ កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាជាមនុស្សមានក្បាលរឹង បើអញឡើងទៅកណ្តាលឯងរាល់គ្នាតែ១ភ្លែត នោះនឹងធ្វើឲ្យវិនាសអស់ហើយ ដូច្នេះ ចូរឯងរាល់គ្នាដោះគ្រឿងលំអពីខ្លួនចេញឥឡូវ ដើម្បីឲ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលំអទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប។ ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ គ្រាដែលម៉ូសេចូលផុតទៅហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលសន្ទនានឹងម៉ូសេ ឯបណ្តាជនគេឃើញបង្គោលពពកសណ្ឋិតនៅត្រង់មាត់ទ្វារត្រសាលជំនុំ ក៏ក្រោកឡើងថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន រួចលោកត្រឡប់មកដល់ទីដំឡើងត្រសាលគេវិញ តែយ៉ូស្វេកូននុន ជាជំនួយការរបស់លោក ដែលនៅកំឡោះនៅឡើយ មិនបានចេញពីត្រសាលជំនុំមកទេ។